សេចក្តីជូនដំណឹងស្តីពី ការទទួលពាក្យស្នើសុំចូលរួម និងការបង្ហាញចំណាប់អារម្មណ៍

កម្មវិធី CAPRED–CWA Young Water Engineers Internship Program ត្រូវបានបង្កើតឡើងក្នុងគោលបំណងគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សជំនាន់ថ្មីក្នុងវិស័យទឹកស្អាតនៅកម្ពុជា តាមរយៈការភ្ជាប់និស្សិត និងយុវជនដែលទើបបញ្ចប់ការសិក្សា ឱ្យទទួលបានឱកាសសិក្សា និងអនុវត្តការងារជាក់ស្តែងក្នុង វិស័យផ្គត់ផ្គង់ទឹកស្អាតតាមបំពង់។
កម្មវិធីនេះនឹងត្រូវអនុវត្តដោយ សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា (CWA) ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធី ភាពជាដៃគូកម្ពុជា–អូស្ត្រាលី ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (Cambodia Australia Partnership for Resilient Economic Development – CAPRED)។
សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា (CWA) នឹងទទួលខុសត្រូវក្នុងការសម្របសម្រួលការផ្សព្វផ្សាយកម្មវិធីការជ្រើសរើសបេក្ខជន ការសម្របសម្រួលជាមួយដៃគូទទួលកម្មសិក្សាការី និងការរៀបចំការចាត់តាំងទីកន្លែងបំពេញកម្មសិក្សា ការរៀបចំកម្មវិធីតម្រង់ទិស (Orientation) ការផ្តល់ការណែនាំ (Mentoring) ការតាមដានវឌ្ឍនភាព និងការរៀបចំរបាយការណ៍អនុវត្តកម្មវិធី។
តាមរយៈកម្មវិធីនេះ បេក្ខជនដែលត្រូវបានជ្រើសរើសនឹងត្រូវបានចាត់តាំងឱ្យចូលរួមកម្មសិក្សាជាមួយប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជន (Private Water Operators – PWOs) និង/ឬក្រុមហ៊ុនប្រឹក្សាបច្ចេកទេសដែលចូលរួមក្នុងកម្មវិធី ដើម្បីទទួលបានបទពិសោធន៍អនុវត្តជាក់ស្តែងលើការប្រតិបត្តិប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ការអនុវត្តការងារវិស្វកម្ម ការដោះស្រាយបញ្ហានៅទីតាំងការងារ និងការអភិវឌ្ឍវិជ្ជាជីវៈក្នុងវិស័យទឹកស្អាត។
កម្មវិធីនេះក៏មានគោលបំណងគាំទ្រដល់ដៃគូទទួលកម្មសិក្សាការី តាមរយៈការផ្តល់ឱកាសឱ្យយុវជនដែលមានសមត្ថភាព ស្មារតីសិក្សារៀនសូត្រ និងការប្តេជ្ញាចិត្ត បានចូលរួមអនុវត្តការងារជាក់ស្តែង។ ទន្ទឹមនឹងនេះ កម្មវិធីក៏រួមចំណែកពង្រឹងការអភិវឌ្ឍធនធានមនុស្សជំនាន់ក្រោយ សម្រាប់បំពេញតម្រូវការកម្លាំងពលកម្មក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា។
កម្មវិធីនេះលើកទឹកចិត្តជាពិសេសឱ្យស្ត្រី និងយុវជនដែលមកពីបណ្តាខេត្តនានា ដាក់ពាក្យចូលរួមក្នុងកម្មវិធី។

គោលបំណងនៃកម្មវិធី រួមមាន៖
• ផ្តល់ឱកាសដល់និស្សិតបញ្ចប់ការសិក្សា និងវិស្វករវ័យក្មេង ឱ្យទទួលបានបទពិសោធន៍អនុវត្តការងារជាក់ស្តែង និងមានលក្ខណៈជាប្រព័ន្ធ ក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា។
• គាំទ្រប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជន (Private Water Operators – PWOs) និងក្រុមហ៊ុនប្រឹក្សាបច្ចេកទេស ក្នុងការបណ្តុះបណ្តាល និងណែនាំកម្មសិក្សាការី ព្រមទាំងរួមចំណែកអភិវឌ្ឍធនធានមនុស្សសម្រាប់វិស័យទឹកស្អាត។
• លើកកម្ពស់ការចូលរួមប្រកបដោយបរិយាបន្នក្នុងវិស័យទឹកស្អាត ដោយជំរុញឱ្យមានការចូលរួមកាន់តែច្រើនពីស្ត្រី និងយុវជនមកពីបណ្តាខេត្ត។
• ពង្រឹងការផ្សារភ្ជាប់រវាងការសិក្សានៅក្នុងថ្នាក់រៀន ការអនុវត្តវិជ្ជាជីវៈ និងតម្រូវការជាក់ស្តែងនៃការប្រតិបត្តិការក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត។

១. ទម្រង់សម្រាប់សិស្សនិស្សិត Students_Application

២. ទម្រង់សម្រាប់ប្រតិបត្តិករ-​PWO Application

៣. ទម្រង់សម្រាប់ក្រុមហ៊ុនប្រឹក្សាផ្នែកបច្ចេកទេស-Consulting Firm Application