អំពីយើងខ្ញុំ

សារពីលោកប្រធានសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា

សូមស្វាគមន៍មកកាន់សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា (CWA)!

សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា (CWA) គឺជាសមាគមវិជ្ជាជីវៈក្នុងស្រុកមួយដែលមានជំនាញយ៉ាងទូលំទូលាយក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត ដែលគ្របដណ្តប់ទាំងទីក្រុង និងជនបទនៃប្រទេសកម្ពុជា។ អស់រយៈពេលជាងមួយទសវត្សរ៍មកនេះ សមាគមបានដើរតួយ៉ាងសំខាន់ក្នុងការគាំទ្រ និងការស្វែងរការគាំទ្រមតិសម្រាប់សមាជិករបស់ខ្លួន ដែលជាប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជន នៅទូទាំងប្រទេស។ លើសពីនេះ សមាគមបានជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយផលិតភាពជាមួយក្រសួងពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ គ្រឹះស្ថានហិរញ្ញវត្ថុ និងអ្នកផ្គត់ផ្គង់សម្ភារ និងសេវាកម្មក្នុងវិស័យទឹកស្អាត។ គួរកត់សម្គាល់ផងដែរថា សមាគមត្រូវបានទទួលស្គាល់ថា ជាដៃគូដ៏មានសារៈសំខាន់របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍(ឧ.វ.ប.ន.) ក្នុងការឈានឱ្យសម្រេចបាននូវគោលការផ្គត់ផ្គង់ទឹកស្អាត ទឹកមានសុវត្ថិភាព និងថ្លៃសមរម្យដល់ប្រជាពលរដ្ឋកម្ពុជា។
ផែនការយុទ្ធសាស្រ្តសម្រាប់ឆ្នាំ២០២៥–២០២៣០ សមាគមប្តេជ្ញាពង្រឹងសមត្ថភាពស្ថាប័ន បង្កើនសេវាដែលផ្តោតលើសមាជិក ជំរុញការអនុវត្តការផ្គត់ផ្គង់ទឹកស្អាតប្រកបដោយបរិយាប័ន្ន និងទទួលខុសត្រូវ និងលើកស្ទួយ នវានុវត្តន៍ និងភាពវិជ្ជាជីវៈក្នុងវិស័យទឹកស្អាត។ គុណតម្លៃមូលដ្ឋានរបស់យើង—ផ្តោតលើសមាជិក ភាពជាដៃគូ, គណនេយ្យភាព ភាពវិជ្ជាជីវៈ និងចីរភាព— បង្ហាញអំពីការងារ និងភាពជាដៃគូរបស់យើង។
បេសកកម្មរបស់យើងគឺ គំាទ្រនិងលើកកម្ពស់ការជួយគ្នាទៅវិញទៅមករវាងអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា បង្កើនចំណេះដឹង បចេ្ចកទេសស្របតាមស្តង់ដាទឹកស្អាតថ្នាក់ជាតិ និងជំរុញឱ្យមាននិរន្តរភាព និងការពង្រីកសេវាកម្មផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា។ ឆ្នាំ ២០២៥, សមាគមមានសមាជិកសរុប ៣៤៣ ក្នុងនោះ មានសមាជិកអាជីពចំនួន ២៨៦ ស្ថានីយដែលបាននិងកំពុងប្រតិបត្តិការនៅ ២៣ រាជធានី/ខេត្ត និងសមាជិកគាំទ្រចំនួន ៥៧ ក្រុមហ៊ុនដែលបាននិងកំពុងផ្គត់ផ្គង់ទំនិញ និងសេវាកម្មក្នុងវិស័យទឹកស្អាត។
យើងសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រដល់សមាជិក និងដៃគូទាំងអស់សម្រាប់ការជឿទុកចិត្ត និងការសហការ។ រួមគ្នា យើងអាចធ្វើឱ្យវិស័យទឹកស្អាតរឹងមាំ មានចីរភាព និងធានាទឹកស្អាតសម្រាប់ប្រជាជនកម្ពុជាទាំងអស់។
ដោយក្ដីគោរពយ៉ាងស្មោះស្ម័គ្រ,
ឡេង ខៀវ
ប្រធានសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា

ដោយក្ដីគោរពយ៉ាងស្មោះស្ម័គ្រ,
ឡេង  ខៀវ ប្រធានសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា

អំពីសមាគម

សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា (ស.ទ.ក) ជាអង្គការឯករាជ្យដែលប្រមូលផ្តុំប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជនទាំងអស់នៅក្នុងប្រទេសកម្ពុជា ដើម្បីបម្រើផលប្រយោជន៍រួមរបស់សមាជិកសមាគមទាំងអស់ មិនស្វែងរកប្រាក់ចំណេញជាឯកជន និងមិនចំណុះឱ្យគណបក្សនយោបាយ។

សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា បានបង្កើតឡើងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១១ ដោយប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជនមួយក្រុម និងបានចុះបញ្ជីទទួលស្គាល់ជាផ្លូវការពីក្រសួងមហាផ្ទៃនៅ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១២។

រហូតដល់សព្វថ្ងៃ សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា មានសមាជិកសរុប៣២៩ ដែលក្នុងនោះសមាជិកអាជីព២៨៥ ជាប្រតិបត្តិករទឹកស្អាតឯកជន ជាអ្នកផ្គត់ផ្គង់ទឹកស្អាតដែលមានតំណរទូទាំងខេត្តក្រុងទាំង២៣ នៅក្នុងប្រទេសកម្ពុជា និងសមាជិកគាំទ្រ៤៤ ជាក្រុមហ៊ុនឯកជនដែលលក់ផលិតផលទាក់ទងនឹងទឹកស្អាត។

សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា ចង់ឃើញ «ប្រជាជនកម្ពុជានៅគ្រប់តំបន់ក្នុងព្រះរាជាណាចក្រកម្ពុជា ទទួលបានទឹកស្អាតប្រើប្រាស់ដែលមានគុណភាព និងអនាម័យស្របតាមស្តង់ដាទឹកស្អាតជាតិ» ។

សមាគមមានបេសកកម្ម ៣ រួមមាន៖

  • គាំទ្រ និងលើកកម្ពស់ការជួយគ្នាទៅវិញទៅមក រវាងប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា
  • បង្កើនជំនាញ និងចំណេះដឹងដល់ប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតកម្ពុជា ដោយឈរលើការប្រតិបត្តិល្អ និង
  • ជំរុញឱ្យមានការពង្រីកសេវាផ្គត់ផ្គង់ទឹកស្អាតប្រកបដោយនិរន្តភាព។
  • បង្កើតកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរ ចែករំលែកព័ត៌មាន បទពិសោធន៍ និងបច្ចេកទេសរវាងសមាជិកទំាងអស់
  • ពង្រឹងសាមគ្គីភាព និងឯកភាព​គ្នារវាង​អ្នកផ្គត់ផ្គង់ទឹកស្អាត ដើម្បីធានាឱ្យមានស្ថេរភាព និងភាពរីកចម្រើនដល់សង្គមជាតិ
  • ពង្រឹងកិច្ចទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអ្នកផ្គត់ផ្គង់ទឹកស្អាត និងស្ថាប័នរាជរដ្ឋាភិបាល ស្ថាប័នជំនាញ និងភ្នាក់ងារអភិវឌ្ឍពាក់ព័ន្ធនានា
  • លើកកម្ពស់ការផ្តល់សេវាទឹកស្អាតប្រកបដោយគុណភាព អនាម័យ និងនិរន្តភាពជូន​ដល់អតិថិជន​
  • អប់រំ និងផ្សព្វផ្សាយ​ដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ​​ឱ្យយល់ដឹង​អំពីអត្ថប្រយោជន៍​ នៃការប្រើ​ប្រាស់ទឹកស្អាត​

បង្កើត និងជំរុញឱ្យមានបរិយាកាសរៀនសូត្រ និងកិច្ចសហប្រតិបត្តិការរវាងប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាត អ្នកពាក់ព័ន្ធក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាតជាតិ និងអន្តរជាតិ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។

ក្រុមការងាររបស់សមាគម