កិច្ចប្រជុំថ្នាក់តំបន់ខេត្តតាកែវ

កិច្ចប្រជុំថ្នាក់តំបន់ខេត្តតាកែវ

តាកែវ៖ ថ្ងៃអង្គារ ៣កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ នៅសណ្ឋាគារ អាលីស វីឡា ខេត្តតាកែវ សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា សហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងរដ្ឋបាលខេត្តតាកែវ បានរៀបចំកិច្ចប្រជុំថ្នាក់តំបន់សម្រាប់សមាជិកជាប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតមកពីខេត្តកណ្តាល ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ ខេត្តកំពត និងខេត្តតាកែវ។

កិច្ចប្រជុំថ្នាក់តំបន់មានគោលដៅ «ធ្វើការរួមគ្នាដើម្បីជំរុញសេវាកម្មផ្គត់ផ្គង់ទឹកស្អាតឱ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ២០៣០» និងគោលបំណង ១). ស្តាប់សំឡេងរបស់សមាជិក និងស្វែងរកដំណោះស្រាយជូនសមាជិក ២). បង្កើនទំនាក់ទំនងជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ និងមន្ទីរពាក់ព័ន្ធ សមាជិកសមាគម និងដៃគូអភិវឌ្ឍន៍នានា ៣).ធ្វើបច្ចុប្បន្នភាពអំពីសមាគម ច្បាប់គតិយុត្តនានាទាក់ទងទៅនឹងវិស័យទឹកស្អាត និងការចែករំលែកចំណេះដឹង បទពិសោធន៍ ព័ត៌មាន និងបច្ចេកវិទ្យាថ្មីៗ។

កិច្ចប្រជុំថ្នាក់តំបន់រៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម តន់ សុខជា អគ្គនាយកនៃអគ្គនាយកដ្ឋានទឹកស្អាត ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, លោក ទុយ សុភ័ក្រ្ត អភិបាលរងនៃគណអភិបាលខេត្តតាកែវ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិបាលខេត្ត។

កិច្ចប្រជុំនេះមានអ្នកចូលរួមសរុបចំនួន ១៥៨នាក់ (ស្រី ១៩នាក់) ដែលអញ្ជើញមកពី ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មន្ទីរ ឧ.វ.ប.ន. មន្ទីរសាធារណការ និងដឹកជញ្ជូន មន្ទីររ៉ែ និងថាមពល មន្ទីរធនធានទឹក និងឧតុនិយម មន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី មកពីខេត្តតាកែវ ខេត្តកណ្តាល ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ និងខេត្តកំពត (ដោយឡែកខេត្តកោះកុងមានតែមន្ទីរឧ.វ.ប.ន.) ប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជន តំណាងក្រុមហ៊ុន ក្រុមប្រឹក្សាភិបាល និងបុគ្គលិកសមាគម។

សមាគមសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ១. អង្គការ Water.org ២. ធនាគារ SME ៣. ក្រុមហ៊ុន TCU ៤.ក្រុមហ៊ុន E-Power CCL Co.; Ltd ៥. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចម្រើន ម.ក ៦. ក្រុមហ៊ុន Phnom Penh Plastic ៧. ក្រុមហ៊ុន Water Partner (Cambodia) ៨. ក្រុមហ៊ុន KCRI International ៩. ក្រុមហ៊ុន Khmer Angkor Plastic ១០. ធនាគារ FTB ១១. ក្រុមហ៊ុន KUBOTA ១២. ក្រុមហ៊ុន Techzone Plus និង១៣). ក្រុមហ៊ុន X-Water ដែលបានសហការគាំទ្រកិច្ចប្រជុំថ្នាក់តំបន់ដ៏មានសារៈសំខាន់នាថ្ងៃនេះ។

ឯកសាររបាយការណ៍