កិច្ចប្រជុំថ្នាក់តំបន់ខេត្តសៀមរាប

កិច្ចប្រជុំថ្នាក់តំបន់ខេត្តសៀមរាប

ថ្ងៃសុក្រ ទី៦ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ៨:០០ព្រឹក ដល់ម៉ោង ៥.០០ល្ងាច សមាគមបានសហការជាមួយរដ្ឋបាល ខេត្តសៀមរាប រៀបចំកិច្ចប្រជុំថ្នាក់តំបន់សម្រាប់ប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជនមកពីខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ កំពង់ធំ កណ្តាល និងសៀមរាប។

កិច្ចប្រជុំថ្នាក់តំបន់មានគោលដៅ «ធ្វើការរួមគ្នាដើម្បីជំរុញសេវាកម្មផ្គត់ផ្គង់ទឹកស្អាតឱ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ២០៣០» និងគោលបំណង ១). ស្តាប់សំឡេងរបស់សមាជិក និងស្វែងរកដំណោះស្រាយជូនសមាជិក ២). បង្កើនទំនាក់ទំនងជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ និងមន្ទីរពាក់ព័ន្ធ សមាជិកសមាគម និងដៃគូអភិវឌ្ឍន៍នានា ៣).ធ្វើបច្ចុប្បន្នភាពអំពីសមាគម ច្បាប់គតិយុត្តនានាទាក់ទងទៅនឹងវិស័យទឹកស្អាត និងការចែករំលែកចំណេះដឹង បទពិសោធន៍ ព័ត៌មាន និងបច្ចេកវិទ្យាថ្មីៗ។

កិច្ចប្រជុំប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោក អ៊ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧតម្តអភិបាលខេត្ត។

កិច្ចប្រជុំនេះមានអ្នកចូលរួមសរុបចំនួន ១០០នាក់ (ស្រី ១៧នាក់) រួមមាន៖ អភិបាលរងខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ, មន្ទីរធនធានទឹក និងឧតុនិយម ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ, មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តសៀមរាប ខេត្តកំពង់ធំ និងខេត្តបន្ទាយមានជ័យ, មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តសៀមរាប និងខេត្តកំពង់ធំ, មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប, មន្ទីររ៉ែ និងថាមពល ខេត្តសៀមរាប, លោក លោកស្រី ថ្នាក់ដឹកនាំនិងសមាជិកក្រុមប្រឹក្សាភិបាលរបស់សមាគម បុគ្គលិកសមាគម និងអ្នកគាំទ្រកម្មវិធីនានា។

ជាលទ្ធផលកិច្ចប្រជុំបានរកឃើញដំណោះស្រាយសម្រាប់បញ្ហាប្រឈមមួយចំនួនដែលប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជន និងមន្ទីរពាក់ព័ន្ធបានជួបប្រទះក្នុងវិស័យទឹកស្អាត។

សមាគមសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋបាលខេត្តសៀមរាប មន្ទីរពាក់ព័ន្ធ និងអ្នកឧបត្ថម្ភកិច្ចប្រជុំរួមមាន៖ Water.org, SME Bank, ACLEDA Bank, AMK, E-Water, KUBOTA Cambodia, Techzone Plus, Khmer Angkor Plastic, FTB Bank, KCRI International, Water Partner Cambodia, Phnom Penh Plastic Product, UPG Pipe និង TCU។

ឯកសាររបាយការណ៍